សារមន្ទីរ ស.ស.រ. (SOSORO)

កាក់មាសដំបូងរបស់កម្ពុជា
កាក់មាសដំបូងរបស់កម្ពុជា ត្រូវបានផលិតឡើងក្នុងរាជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦–៦៣៧) នៅសម័យចេនឡាដើមសតវត្សរ៍ទី៧។ ព្រះអង្គមានរាជធានីនៅឦសានបុរៈ ដែលជាតំបន់សំបូរព្រៃគុក ក្នុងខេត្តកំពង់ធំសព្វថ្ងៃ។
កាក់មាសនេះមានទម្ងន់តិចជាង៦ក្រាមនិងត្រូវបានចាត់ទុកថាជាកាក់មាសខ្មែរបុរាណដំបូងបង្អស់ដែលនៅសេសសល់។ នៅម្ខាងនៃកាក់មានអក្សរ «ស្រីឦសានវម៌្ម» ដែលជាព្រះនាមរបស់ព្រះបាទឦសានវរ្ម័នទី១ ហើយម្ខាងទៀតមានអក្សរ «ឦសានបុរៈ» ដែលជាឈ្មោះរាជធានីរបស់ព្រះអង្គ។ ការបោះព្រះនាមព្រះមហាក្សត្រ និងឈ្មោះរាជធានីលើកាក់ បង្ហាញពីសារៈសំខាន់របស់កាក់ក្នុងការបញ្ជាក់អត្តសញ្ញាណនិងអំណាចរបស់រាជអាណាចក្រ។


មុនពេលមានកាក់ដែលផលិតដោយខ្មែរ កម្ពុជាមានការប្រើប្រាស់រូបិយវត្ថុតាំងពីសម័យនគរភ្នំ (ហ្វូណន) មកម្ល៉េះ។ គេបានរកឃើញ «កាក់ព្រះអាទិត្យរះ» តាមរយៈកំណាយដែលធ្លាប់មានចរាចរណ៍ក្នុងព្រះនគរ ប៉ុន្តែមិនមែនជាកាក់ដែលផលិតដោយខ្មែរឡើយ។ កាក់មាសរបស់ព្រះបាទឦសានវរ្ម័នទី១ គឺជាភស្តុតាងសំខាន់មួយដែលបង្ហាញពីការផលិតរូបិយវត្ថុដោយអំណាចខ្មែរនៅសម័យចេនឡា និងមានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រ ព្រោះវាជាភស្តុតាងមួយនៃការរីកចម្រើនផ្នែករូបិយវត្ថុ សេដ្ឋកិច្ច អំណាចរាជវង្ស បូរណភាពទឹកដី និងអរិយធម៌ខ្មែរនៅសម័យចេនឡា។
សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន»
បច្ចុប្បន្ន កាក់មាសបុរាណនេះត្រូវបានរក្សាទុកនិងដាក់តាំងបង្ហាញនៅ សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» (SOSORO Museum) ក្នុងរាជធានីភ្នំពេញ។ សារមន្ទីរនេះក៏មានដាក់តាំងកាក់រូបព្រះអាទិត្យរះ កាក់ក្រិក-ហិណ្ឌូ កាក់រ៉ូម៉ាំង ក៏ដូចជាកាក់ប្រាក់ និងរូបិយវត្ថុបុរាណជាច្រើនប្រភេទទៀត ដែលជួយបង្ហាញពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់កម្ពុជាអស់រយៈពេលប្រមាណ២,០០០ឆ្នាំផងដែរ៕
- ទីតាំងសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន»
- ល្អសម្រាប់ប្រវត្តិសាស្ត្រ · វប្បធម៌ · អ្នកមកទស្សនាជាលើកដំបូង
- រយៈពេលទស្សនា1–2 ម៉ោង
- គួរដឹងទុកមុនងាយស្រួលរួមបញ្ចូលគ្នាជាមួយទីតាំងសំខាន់ៗនៅក្បែរនោះ និងតំបន់មាត់ទន្លេ




